អ្នកឆ្លងជំងឺកូវីដម្នាក់ទៀតស្លាប់ និងមានអ្នកឆ្លងថ្មីជិត ៣០០នាក់
ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដម្នាក់ទៀត បានស្លាប់ និងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ មាន២៩១នាក់បន្ថែមទៀត នៅថ្ងៃទី១៧ ខែមេសា។ ក្រសួងមិនបានបញ្ជាក់លម្អិតអំពីករណីអ្នកស្លាប់ដោយសារជំងឺកូវីដនេះទេ ដោយគ្រាន់តែបញ្ចូលតួលេខថា មានអ្នកស្លាប់ម្នាក់ទៀតប៉ុណ្ណោះ។
ចំណែកអ្នកឆ្លងថ្មីជិតបីរយនាក់នេះវិញ ក្រសួងបញ្ជាក់ថា មានករណីនាំចូលម្នាក់ជាស្ត្រីជនជាតិបារាំង ហើយក្រៅពីនេះ សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ទាំងអស់។ អ្នកឆ្លងថ្មីក្នុងសហគមន៍នេះ ភាគច្រើនរកឃើញនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តតាកែវ និងខេត្តស្វាយរៀង។
នៅថ្ងៃដដែលនេះ អ្នកជំងឺចំនួន ២៣នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ទន្ទឹមគ្នានេះ វ៉ាក់សាំងក្រុមហ៊ុនចិនស៊ីណូវ៉ាក់ (Sinovac) ដែលជាការបញ្ជាទិញជំហានទីពីររបស់រដ្ឋាភិបាលកម្ពុជាចំនួន ៥សែនដូស ត្រូវបានគេដឹកជញ្ជូនមកដល់កម្ពុជាហើយ នៅថ្ងៃទី១៧ មេសា។
គិតត្រឹមថ្ងៃទី១៧ មេសា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ចំនួន ៥.៧៧១)នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍២០ កុម្ភៈ មាន ៥.២២៨នាក់ ហើយអ្នកកំពុងសម្រាកព្យាបាលមាន ៣.៣១១នាក់។ ដោយឡែកចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ វិញ ក្រសួងសុខាភិបាលប្រកាសថា កើនដល់ចំនួន៣៩នាក់៕
0 Comments