សង្គមស៊ីវិលគាំទ្រវិធានការផ្លូវច្បាប់លើឧត្ដមសេនីយ៍ពាក់ផ្កាយ២ ម្នាក់ដែលល្មើសបម្រាបជួបជុំគ្នា
នគរបាលរាជធានីភ្នំពេញចាប់បញ្ជូនឧត្ដមសេនីយ៍ពាក់ផ្កាយ២ម្នាក់ និងពលរដ្ឋ ២ នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញដោយសារល្មើសបម្រាបជួបជុំគ្នាក្នុងយប់ចុងក្រោយនៃថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ អ្នកឃ្លាំមើលសិទ្ធិមនុស្សគាំទ្រវិធានការផ្លូវច្បាប់លើមន្ត្រីនគរបាលជាន់ខ្ពស់រូបនេះដោយចាត់ទុកជាការអនុវត្តច្បាប់ស្នើគ្នាដូចពលរដ្ឋទូទៅដែរ។
ការបញ្ជូនឧត្ដមសេនីយ៍ពាក់ផ្កាយ២ រូបនេះទៅតុលាការ គឺក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាជាថ្មីនិងបង្ហាញការខឹងសម្បារ ចំពោះពលរដ្ឋ ដែលនៅតែបន្តបំពានបម្រាបបិទខ្ទប់ដែលលោកបានដាក់ចេញយ៉ាងតក់ក្រហល់។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា ប្រាប់អាស៊ីសេរីថា នគរបាលខណ្ឌមានជ័យបានឃាត់ខ្លួនលោក អ៊ុង ចាន់ធួក និងមនុស្ស ២ នាក់ ទៀតភ្លាមៗ នៅយប់ថ្ងៃទី១៧ ខែមេសា ដោយសារពួកគេជួបជុំគ្នាល្មើសបម្រាបរបស់រដ្ឋាភិបាល។ ក្រោយការឃាត់ខ្លួនរួច នគរបាលខណ្ឌមានជ័យ បានបញ្ជូនមនុស្សទាំង ៣ នាក់ ទៅសាលាដំបូងនៅរសៀលថ្ងៃទី១៧ ខែមេសា៖ «យើងក្នុងនាមជាសមត្ថកិច្ច គឺយើងឃាត់ទាក់ទងនឹងគាត់ល្មើសនឹងសេចក្ដីសម្រេចរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ អ៊ីចឹង ទាក់ទងនឹងការចោទប្រកាន់យ៉ាងម្ដេចគឺទាក់ទងទៅនឹងតុលាការ គឺឆន្ទានុសិទ្ធិរបស់តុលាការ ព្រោះសមត្ថកិច្ចចាប់បញ្ជូនទៅ។ តុលាការ គាត់សម្រេចយ៉ាងម្ដេច គឺយើងចាំមើលតាមជាក់ស្ដែង»។
នៅថ្ងៃដដែលនេះព្រះមហាក្សត្រក៏បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដកហូតឋានន្តរស័កផ្កាយ២ និងបណ្ដេញលោក អ៊ុង ចាន់ធួក ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិនៃក្រសួងមហាផ្ទៃ តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កាលនៅមានតួនាទី លោក អ៊ុក ចាន់ធួក គឺជាអនុប្រធានសេធិការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
នគរបាលខណ្ឌមានជ័យរកឃើញថា លោក អ៊ុក ចាន់ធួក និងមនុស្ស ២ នាក់ទៀត នាំគ្នីគ្នាច្រើននាក់ជាអ្នកស្នាក់នៅតាមបន្ទប់ជួលរៀបចំកម្មវិធីជួបជុំគ្នា ពិសាអាហារ ច្រៀងរាំ និងលេងប៉ាតម្សៅនៅយប់ថ្ងៃទី១៦ ខែមេសា ក្នុងពេលរដ្ឋាភិបាលដាក់ចេញបម្រាបជួបជុំគ្នាដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩ (Covid-19)។
ពាក់ព័ន្ធនឹងរឿងនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ដែងការខឹងសម្បារខ្លាំងណាស់។ លោកបានបញ្ជាតាមសារជាសំឡេងឲ្យមន្ត្រីតុលាការកាត់ទោស លោក អ៊ុក ចាន់ធួក ឲ្យលឿន នៅក្នុងថ្ងៃទី១៧ ខែមេសា។ លោក ហ៊ុន សែន ក៏បង្គាប់ឲ្យអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បង្កើនការចុះចាប់អ្នកល្មើសបម្រាប ក្នុងរាជធានីភ្នំពេញឲ្យបានច្រើនដើម្បីឲ្យបម្រាបរបស់លោក មានប្រសិទ្ធភាព៖ «វាយខ្នោះហើយ គឺថាអត់មានប្រលែងអត់មានអ្វីទេ ត្រូវតែកាត់ទោស ហើយថ្ងៃហ្នឹង គឺគេចូលធ្វើការវិញហើយឬ? បើគេចូលធ្វើការវិញ កាត់ទោសថ្ងៃហ្នឹង គឺល្អតែម្ដង។ ឥឡូវ ខ្ញុំកំពុងតែរកអត្តលេខដើម្បីស្នើសុំព្រះមហាក្សត្រ ព្រោះខ្ញុំនិយាយជាមួយវឿន (នេត សាវឿន) អំបាញ់មិញហើយ។ ឥឡូវ ស្រេង (ឃួង ស្រេង) ថ្ងៃហ្នឹង វាយខ្នោះឲ្យបានច្រើនបន្តិច។ វាយហើយ កាត់ទោស វាយហើយកាត់ទោស។ ដាក់អាណាបំពាន គឺលេងតែម្ដង។ អ៊ីចឹង បានវា Lock Down អ្វី ក៏វាមិនជោគជ័យដែរ។ បើវាលេងសុទ្ធតែអ៊ីចឹងៗ។ ឥឡូវ លះវាម្ដង»។
ជុំវិញករណីលោក អ៊ុក ចាន់ធួក ល្មើសបម្រាបនេះ អាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីខាងអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក គុជ គឹមឡុង និងអ្នកនាំពាក្យសាលាដំបូងលោក អ៊ី រិន្ទ បានទេ នៅថ្ងៃទី១៧ ខែមេសា។ តែយ៉ាងណា អ្នកនាំពាក្យប៉ូលិសក្រុងលោក សាន សុខសីហា ឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែមេសា នគរបាលបានឃាត់ខ្លួនអ្នកល្មើសបម្រាបចេញពីផ្ទះបានជិតដប់នាក់។
លោកបញ្ជាក់ថា នគរបាលមូលដ្ឋានកំពុងសាកសួរអ្នកទាំងនោះនិងមិនទាន់មានចំណាត់ការបែបណាទេ។ លោក សាន សុខសីហា បន្តថា ស្ថានភាពរឹតបន្តឹងការបិទខ្ទប់នៅថ្ងៃទី១៧ ខែមេសា ដំណើរទៅយ៉ាងល្អ ហើយពលរដ្ឋនៅភ្នំពេញភាគច្រើន បានចូលរួមសហការអនុវត្តវិធានការនេះនិងមិនចេញពីផ្ទះទេ។
ទោះជាយ៉ាងណា អ្នកការពារសិទ្ធិមនុស្សជំរុញឲ្យអាជ្ញាធរយោគយល់ចំពោះពលរដ្ឋទូទៅ ដែលមិនសូវយល់ដឹងពីការអនុវត្តច្បាប់ តែស្វាគមន៍ការដាក់ទោសទណ្ឌមន្ត្រីប៉ូលិសជាន់ខ្ពស់ថា ជាគំរូសម្រាប់ពលរដ្ឋ។
អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា សង្កេតឃើញថា ពលរដ្ឋខ្លះមិនបានដឹងពីការប្រកាសបិទខ្ទប់ភ្លាមៗ ខ្លះទៀតមិនយល់ដឹងពីបម្រាបនេះ និងអ្នកខ្លះមានធុរៈចាំបាច់។ លោកស្នើសុំអាជ្ញាធរណែនាំអប់រំពលរដ្ឋទូទៅ ដោយកុំប្រើវិធានការច្បាប់តឹងរ៉ឹងពេក ប៉ុន្តែលោកគាំទ្រអាជ្ញាធរ ក្នុងការប្រើប្រាស់វិធានការច្បាប់ចំពោះឧត្ដមសេនីយ៍ផ្កាយ២ លោក អ៊ុក ចាន់ធួក៖ «អ៊ីចឹង យើងឃើញថា ទាំងនេះក៏បង្ហាញដល់សាធារណៈជន ថាការចាប់ផ្ដើមអនុវត្តវិធានទាំងអស់ហ្នឹង គឺមិនមែនតែលើពលរដ្ឋទេ គឺអាចថា ពាក់ព័ន្ធនឹងមន្ត្រី ឬសមត្ថកិច្ច ដែលមិនគោរពទៅតាមបម្រាបទាំងអស់ហ្នឹង ក៏ត្រូវចាត់វិធានការតាមផ្លូវច្បាប់អ៊ីចឹងដែរ»។
កាលពីដើមខែមេសា នគរបាលខណ្ឌសែនសុខ ធ្លាប់ចាប់បញ្ជូនបុរស ៣ នាក់ បញ្ជូនទៅតុលាការម្ដងហើយពាក់ព័ន្ធនឹងការផឹកស្រាជុំគ្នានិងច្រៀងរាំដោយមានចាក់ធុងបាសបំពានវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញសម្រេចមិនចោទប្រកាន់ពលរដ្ឋទាំង ៣ នាក់នេះទេ ដោយឲ្យពួកគេធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនិងពិន័យប្រាក់តាមច្បាប់ស្ដីពី ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងជំងឺកាចសាហាវ។ ប៉ុន្តែតុលាការបានចោទប្រកាន់ និងឃុំខ្លួនមនុស្សយ៉ាងតិចណាស់ សាមសិប (៣០) នាក់ហើយ ពីបទញុះញង់ពាក់ព័ន្ធនឹងការរិះគន់ការចាក់វ៉ាក់សាំងចិនដែលមិនទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក៕
0 Comments