Ticker

6/recent/ticker-posts

Advertisement

Responsive Advertisement

 

មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​អាជ្ញាធរ​ដាក់​ទោស​ធ្ងន់ធ្ងរ​ដល់​ជន​ល្មើស ក្រោយ​ពេល​រឹបអូស​សារធាតុ​មេតាណុល​ក្លែង​បន្លំ


មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​អាជ្ញាធរ​ឱ្យ​ដាក់ទោស​ធ្ងន់ធ្ងរ​ដល់​ជន​ល្មើស ក្រោយ​ពី​បាន​រឹបអូស​សារធាតុ​មេតាណុល​ក្លែង​បន្លំ​ជា​អេតាណុល ឬ​អាកុល​ក្លែងក្លាយ ៩.៦៩២លីត្រ សម្រាប់​ប្រើប្រាស់​សម្លាប់​មេរោគ​កូវីដ១៩។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គឹមអេង មាន​ប្រសាសន៍​​ថា ​លោក​សាទរ​ចំពោះ​វិធានការ​បង្ក្រាប និង​រឹបអូស​ការ​ក្លែង​បន្លំ​សារធាតុ​ផ្សំ​មេតាណុល​​នេះ ប៉ុន្តែ​លោក​ជំរុញ​សមត្ថកិច្ច ឱ្យ​ពង្រឹង​វិធានការ​ម៉ឺងម៉ាត់​បន្ថែម​ទៀត និង​ដាក់​ទោស​ជន​ល្មើស​ឲ្យ​បាន​ធ្ងន់ធ្ងរ ស្រប​ពេល​ដែល​ពលរដ្ឋ​កំពុង​ប្រឈម​គ្រោះថ្នាក់​ដល់​សុខភាព ដោយសារ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ១៩៖ «ផលិតផល​ក្លែងក្លាយ​នេះ ជា​គ្រោះថ្នាក់​មួយ​ធំ ហើយ​អាជ្ញាធរ​បាន​ទប់ស្កាត់​កន្លង​មក។ ក្នុង​កាលៈទេសៈ​នេះ ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ជំងឺ​កូវីដ១៩ យ៉ាង​គ្រោះថ្នាក់ អ៊ីចឹង​ផលិតផល​បង្ក​គ្រោះថ្នាក់​នេះ គួរតែ​ចាត់​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង ហើយ​អាជ្ញាធរ​ត្រូវ​ដាក់​ទោស​ធ្ងន់ធ្ងរ កុំ​ឲ្យ​គាត់​យក​ឱកាស​នេះ​បន្ត​ធ្វើ​បាប​គេ​បន្ត​ទៀត»

សំណូមពរ​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ ក្រោយ​ពេល​ដែល​មន្ត្រី​ជំនាញ​រក​ឃើញ​ការ​លក់​អាល់កុល (Alcohol) ​ក្លែងក្លាយ ចំនួន ៣ ករណី រួមមាន ​នៅ​ខេត្ត​រតនគីរី ខេត្ត​បាត់ដំបង និង​នៅ​រាជធានី​ភ្នំពេញ។

អង្គការ​សុខភាព​ពិភព​លោក​ឲ្យ​ដឹង​ថា សារធាតុ​មេតាណុល​ (Methanol) មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជា​សារធាតុ​ផ្សំ​សកម្ម​ នៅ​ក្នុង​ការ​ផលិត​សារធាតុ​លាង​សម្អាត​ដៃ​ឡើយ ដោយសារ​ធាតុ​នេះ គឺ​ជា​សារធាតុពុល គ្មាន​ប្រសិទ្ធភាព​សម្លាប់​មេរោគ​កូវីដ១៩ នោះ​ទេ តែ​នឹង​ធ្វើ​ឱ្យ​រលាក​ស្បែក ស្រវាំងភ្នែក ឈឺ​ក្បាល និង​វិល​មុខ ក្អួត​ចង្អោរ​ជា​ដើម។ សារធាតុ​មេតាណុល គឺ​ជា​អាល់កុល​ពុល គ្មាន​ពណ៌ ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ខ្លាំង​ទៅ​នឹង​អាល់កុល​ធម្មតា ហើយ​ភាគ​ច្រើន​គេ​ប្រើ​សម្រាប់​ធ្វើ​ជា​សារធាតុ​រំលាយ៕

សារធាតុ​មេតាណុល (Methanol) ជិត​១ម៉ឺន​លីត្រ ដែល​ឈ្មួញ​យក​មក​បន្លំ​ធ្វើ​ជា​អេតាណុល (Ethanol) (អាល់កុល Alcohol) សម្រាប់​សម្លាប់​មេរោគ ត្រូវ​បាន​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ «ក.ប.ប.» រឹបអូស​បាន​ភ្នំពេញ នៅ​ក្នុង​ខែមេសា ឆ្នាំ២០២១ នេះ។ រូប៖ ហ្វេសប៊ុក​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ «ក.ប.ប.» CCF

Post a Comment

0 Comments